Diseases August 18th, 2021
ជំងឺមហារីកក្រពះ (Stomach Cancer)
ជំងឺមហារីកក្រពះ ចាប់ផ្តើមឡើងនៅពេលមានការផ្លាស់ប្តូរមួយដែលបង្ករឲ្យកោសិកាមហារីកធ្វើការរីកលូតលាស់ និងបែងចែកនៅក្នុងកម្រិតលឿនមួយ។ មហារីកអាចកើតឡើងនៅផ្នែកណាមួយនៃក្រពះ និងរាលដាលទៅសរីរាង្គផ្សេងទៀតដូចជា ថ្លើម លំពែង ពោះវៀន សួត ក្រពេញអូវែ និង ក្រពេញកូនកណ្តុរ ។
- កត្តាប្រឈម
- រោគសញ្ញា
- ការធ្វើរោគវិនិច្ឆ័យ
- ការព្យាបាល
កត្តាប្រឈម
បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដនៃជំងឺមហារីកក្រពះ មិនត្រូវបានគេស្គាល់នៅឡើយទេ។ ទោះជាយ៉ាងណាមានកត្តាមួយចំនួនដែលបង្កើនការប្រឈមនៃជំងឺមហារីកក្រពះរួមមាន៖
- អាយុ៖ មនុស្សវ័យចំណាស់មានការប្រឈមខ្ពស់ក្នុងការវិវត្តទៅជាមហារីកក្រពះ។
- ភេទ៖ ជំងឺមហារីកក្រពះគឺកើតមានអត្រាខ្ពស់ច្រើនជាងពីរដង ចំពោះបុរស។
- ប្រវត្តិគ្រួសារ៖ អ្នកដែលមានប្រវត្តិគ្រួសារនៃជំងឺមហារីកក្រពះគឺមានការប្រឈមខ្ពស់។
- ពូជសាសន៏៖ វាកើតឡើងញឹកញាប់នៅក្នុងតំបន់អាស៊ីជាងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
- អាហារ៖ អាហារត្រាំ រសជាតិប្រៃ និងចំអិនដោយផ្សែងខ្លោច អាចបង្កើនការប្រឈមនៃជំងឺមហារីកក្រពះ។ ផ្លែឈើ និងបន្លែគឺជួយកាត់បន្ថយការប្រឈមនៃជំងឺនេះ។
- ការឆ្លងមេរោគ Helicobacter pylori : បាក់តេរីនេះបង្ករឲ្យមានការរលាក និងដំបៅក្រពះពោះវៀនដែលអាចបង្កើនការប្រឈមនៃជំងឺមហារីកក្រពះ។
- ស្ថានភាពសុខភាពពីមុន៖ ការវះកាត់ក្រពះពីមុន ឬស្ថានភាពមួយចំនួនដូចជា ភាពស្លេកស្លាំងនិងរលាកក្រពះរ៉ាំរ៉ៃ បង្ករការប្រឈមខ្ពស់នៃការកើតមហារីកក្រពះ។
- មុខរបរ៖ ការប៉ះពាល់ទៅនឹងសារធាតុគីមី និងធូលីដី គឺមានការពាក់ព័ន្ធជាវិជ្ជមានជាមួយជំងឺមហារីកក្រពះ។
- របៀបរស់នៅ៖ គ្រឿងស្រវឹង ថ្នាំជក់ និងអាហារដែលខ្វះផ្លែឈើ និងបន្លែ វាបង្កើនការប្រឈមនៃជំងឺមហារីកក្រពះ។
- ការធាត់៖ មានភស្តុតាងបង្ហាញថាបុរសដែលធាត់អាចមានការប្រឈមខ្ពស់នៃជំងឺមហារីកក្រពះ។ ទោះជាយ៉ាងណា មិនមានការជាប់ទាក់ទងគ្នារវាងការធាត់ និងជំងឺមហារីកក្រពះចំពោះស្ត្រីនោះទេ។
រោគសញ្ញា
ជាធម្មតា មិនមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលដំណាក់កាលដំបូងនៃមហារីកក្រពះទេ។ ទោះជាយ៉ាងណា រោគសញ្ញានៅក្នុងដំណាក់កាលធ្ងន់ធ្ងរគឺស្រដៀងគ្នាទៅនឹង អ្នកជំងឺផ្សេងទៀតដូចជាជំងឺដំបៅក្រពះពោះវៀន និងរលាកក្រពះពោះវៀនដោយសារវ៉ីរុស។
នៅក្នុងដំណាក់កាលធ្ងន់ធ្ងរ រោគសញ្ញាអាចមានដូចជា៖
- មិនសុខស្រួលក្នុងពោះ ជាពិសេសនៅផ្នែកខាងលើ និងកណ្តាលនៃពោះ
- មានឈាមក្នុងលាមក
- ក្អួត ដែលអាចមានលាយឈាម
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ឈឺពោះ ឬហើមពោះបន្ទាប់ពីការបរិភោគអាហារ
- អស់កម្លាំង
ជាទូទៅ ប្រសិនបើអ្នកជួបអាការរោគណាមួយដូចខាងក្រោមនេះ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម៖
- មិនសុខស្រួលក្នុងពោះ ឬពិបាករំលាយអាហារ
- ហើមពោះបន្ទាប់ពីការបរិភោគអាហារ
- ចង្អោរចង់ក្អួត
- ការបាត់បង់ចំណង់អាហារ
- ឈឺផ្សាចុងដង្ហើម
ការធ្វើរោគវិនិច្ឆ័យ
- គ្រូពេទ្យនឹងពិនិត្យមើលពីប្រវត្តិរបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយ
- អ្នកជំងឺនឹងត្រូវបានផ្តល់ឲ្យនូវល្បាយទឹកថ្នាំBariumនិងទឹកដើម្បីផឹក។ ទឹកថ្នាំនេះ នឹងពាសបណ្តោះអាសន្នលើបំពង់អាហារ ក្រពះនិងពោះវៀនតូច។ បន្ទាប់មកធ្វើការថតកាំរស្មី X ដែលអាចបង្ហាញរូបភាពដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗណាមួយ។
- ការថតឆ្លុះក្រពះពោះវៀនផ្នែកខាងលើ គឺជាទំរង់ការដែលអនុញ្ញាតឲ្យគ្រូពេទ្យពិនិត្យឃើញនូវភ្នាសខាងក្នុងរបស់ក្រពះ និងអាចច្រឹបយកជាលិកាមិនធម្មតា សម្រាប់ធ្វើការពិនិត្យបន្ថែមទៀត។
- ការឆ្លុះក្រពះពោះវៀនដោយប្រើរលកសំលេងអ៊ុលត្រាសោន អាចជួយវេជ្ជបណ្ឌិតក្នុងការវាយតម្លៃថាតើ ជម្ងឺមហារីកក្រពះមានការវិវឌ្ឈន៍ និងរីករាលដាលទៅសរីរាង្គនៅក្បែរនោះឬទេ។
- ការថតសួត ត្រូវបានប្រើប្រាស់ដើម្បីរកឃើញនូវភាពមិនប្រក្រតីណាមួយនៅក្នុងសួត និងពិនិត្យមើលថាតើជម្ងឺមហារីកបានរីករាលដាលទៅកាន់សួតដែរឬទេ។
- ការថតស៊ីធីស្កេន (CT) បង្កើតនូវរូបភាព 3D នៃសរីរាង្គខាងក្នុង និងអាចឲ្យគ្រូពេទ្យបានសង្កេតមើលទីតាំង និងការរីករាលដាលនៃជំងឺនេះបានជាក់ច្បាស់ជាងពីកាំរស្មីអ៊ិចស្តង់ដារ។
ការព្យាបាល
ការព្យាបាលនៃជំងឺមហារីកក្រពះពាក់ព័ន្ធនឹងការសហការគ្នារវាងក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលមកពីផ្នែកផ្សេងៗជាច្រើនដូចជា គ្រូពេទ្យវះកាត់ វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មី និងជំងឺមហារីក ដែលនឹងរួមគ្នាក្នុងការរៀបចំផែនការព្យាបាលសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ។ ជម្រើសនៃការព្យាបាលអាស្រ័យទៅលើ៖
- ទំហំ ទីតាំង និងរូបរាងនៃកោសិកាមហារីក
- ដំណាក់កាល និងការរីករាលដាលនៃជម្ងឺមហារីក
- សុខភាពទូទៅរបស់អ្នកជម្ងឺ
ជម្រើសនៃការព្យាបាល
- ការវះកាត់
- ការព្យាបាលដោយថ្នាំគីមី
- ការព្យាបាលដោយកាំរស្មី
- Tags:
- Stomach Cancer, ជំងឺមហារីកក្រពះ