Diseases August 23rd, 2021
ជំងឺមហារីកបំពង់អាហារ (Esophageal Cancer)
ជំងឺមហារីកបំពង់អាហារកើតឡើងនៅពេលដែលមានការប្រមូលផ្តុំនៃកោសិកាមិនប្រក្រតីដែលកើតឡើងជាដុំសាច់នៅស្រទាប់ខាងក្នុងនៃបំពង់អាហារ។ នៅពេលដែលកោសិកាមហារីកបានរីកលូតលាស់ចូលទៅក្នុងជញ្ជាំងនៃបំពង់អាហារ វាអាចរីករាលដាលទៅដល់ក្រពេញកូនកណ្តុរ សសៃអាក់តែអាអក (សរសៃឈាមធំ) និងផ្នែកផ្សេងទៀតនៃរាងកាយរួមទាំងសួត ថ្លើម និងក្រពះ។
- ប្រភេទនៃជំងឺមហារីកបំពង់អាហារ
- កត្តាប្រឈម
- រោគសញ្ញា
- ការធ្វើរោគវិនិច្ឆ័យ
- ការព្យាបាល
ប្រភេទនៃជំងឺមហារីកបំពង់អាហារ
- មហារីកកោសិកា Squamous cell carcinoma (SCC) គឺជាការលូតលាស់នៃកោសិកាមិនប្រក្រតីដែលបង្កើតជាស្រទាប់នៅលើបំពង់អាហារ ច្រើនកកកុញនៅផ្នែកខាងដើម និងកណ្តាលនៃបំពង់អាហារ។
- Adenocarcinoma កើតចេញពីកោសិកាក្រពេញនៃបំពង់អាហារ។
កត្តាប្រឈម
បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដនៃជំងឺមហារីកបំពង់អាហារមិនត្រូវបានគេស្គាល់នោះទេ។ ទោះជាយ៉ាងណា កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារនោះរួមមាន៖
- អាយុ: មនុស្សដែលមានអាយុចន្លោះពី ៤៥-៧០ ឆ្នាំមានហានិភ័យខ្ពស់បំផុត
- ភេទ: បុរសមានអត្រាកើតមហារីកបំពង់អាហារ៣ដងច្រើនជាងស្ត្រី
- ការជក់បារី: ការកើនឡើងនៃការប្រឈម គឺអស្រ័យលើ រយះពេលនៃការជក់ និងចំនួនបារី
- គ្រឿងស្រវឹង: ការប្រើប្រាស់គ្រឿងស្រវឹងបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារជាពិសេសគឺប្រភេទមហារីក Squamous cell carcinoma
- ការផ្លាស់ប្តូរដំណាក់កាលត្រៀមហារីកនៅក្នុងកោសិកានៃបំពង់អាហារ (Barret’s Esophagus) អាចនាំឲ្យមានជំងឺមហារីក adenocarcinoma។
- កង្វះសារជាតិរ៉ែ៖ ការមិនបរិភោគបន្លែផ្លែឈើគ្រប់គ្រាន់អាចនាំឲ្យមានកង្វះសារធាតុរ៉ែ
- ការធាត់
រោគសញ្ញា
ជំងឺមហារីកបំពង់អាហារមិនបណ្តាលឲ្យមានរោគសញ្ញាដែលគួរឲ្យកត់សម្គាល់ណាមួយនោះទេនៅក្នុងដំណាក់កាលដំបូង។ ទោះយ៉ាងណា រោគសញ្ញាមួយចំនួនខាងក្រោមនេះនឹងកើតមានឡើងនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ៖
- ពិបាកលេបអាហារ ជាពិសេសអាហាររឹង ដូចជាសាច់ នំបុ័ង ឬបន្លែ។ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ដុំមហារីករីកធំដែលអាចធ្វើឲ្យរាំងស្ទះម្ហូបអាហារដែលឆ្លងកាត់តាម រយៈបំពង់អាហារ និងហើយសូម្បីតែលេបទឹកក៏មានការឈឺចាប់ផងដែរ។
- មិនស្រួលទ្រូង ឬក្រហាយទ្រូង
- ហើមពោះ ពិបាករំលាយអាហារ
- ចង់ក្អួត
- ស្លាក់ខណៈលេបអាហារចូល
- ស្រកទំងន់ដោយគ្មានមូលហេតុ
- ក្អក
- ឈឺក្នុងបំពង់កឬ នៅពីក្រោយឆ្អឹងទ្រូង
ការធ្វើរោគវិនិច្ឆ័យ
- វេជ្ជបណ្ឌិតនឹងពិនិត្យមើលពីប្រវត្តិរបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយ។
- អ្នកជំងឺនឹងត្រូវបានផ្តល់ទឹក និងល្បាយនៃថ្នាំបារីយ៉ូមផឹក។ ថ្នាំបារីយ៉ូមនេះនឹងពាសបណ្តោះអាសន្នលើបំពង់អាហារ ក្រពះនិងពោះវៀនតូច។ បន្ទាប់មករូបភាពកាំរស្មីអ៊ិចអាចបង្ហាញនូវដុំសាច់ ឬភាពមិនប្រក្រតីណាមួយ។
- ការថតឆ្លុះផ្លូវរំលាយអាហារផ្នែកខាងលើ គឺជាទំរង់ការមួយដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចច្រឹបយកដុំសាច់មិនប្រក្រតីមួយចំណែកដើម្បីពិនិត្យវិភាគផ្សេងទៀត។
- ការធ្វើឆ្លុះក្រពះពោះវៀនដោយរលកសំលេងអ៊ុលត្រាសោន អាចជួយវេជ្ជបណ្ឌិតធ្វើការវាយតម្លៃថាតើកោសិកាមហារីកបានលូតលាស់ និងរីករាលដាលទៅសរីរាង្គនៅក្បែរនោះឬទេ។
- ការធ្វើវិភាគដុំសាច់ ជាទូទៅត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការថតឆ្លុះផ្លូវអាហារផ្នែកខាងលើ។
- Computerized tomography (CT)ការថតស៊ីធីស្កែនបង្កើតនូវរូបភាព3D នៃសរីរាង្គខាងក្នុង និងអនុញ្ញាត្តិឲ្យវេជ្ជបណ្ឌិតអាចសង្កេតមើលទីតាំង និងការរីករាលដាលនៃជំងឺច្បាស់លាស់ជាងការថតកាំរស្មីអ៊ិចធម្មតា។
ការព្យាបាល
ការព្យាបាលនៃជំងឺមហារីកបំពង់អាហារគឺជាប់ពាក់ព័ន្ធនឹងការសហការគ្នារបស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមកពីជំនាញជាច្រើនដូចជាវេជ្ជបណ្ឌិតវះកាត់ វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មី និងជំនាញផ្នែកមហារីកដែលពួកគេនឹងធ្វើការរួមគ្នាក្នុងការរៀបចំផែនការនៃការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺគ។ ការជ្រើសរើសការព្យាបាលអាស្រ័យទៅលើ៖
- ទំហំ ទីតាំង និងរូបរាងរបស់កោសិកាមហារីក
- ដំណាក់កាល និងការរីករាលដាលនៃជម្ងឺមហារីក
- សុខភាពទូទៅរបស់អ្នកជម្ងឺ
ជម្រើសនៃការព្យាបាល
- ការវះកាត់
- ព្យាបាលដោយថ្នាំគីមី
- ព្យាបាលដោយកាំរស្មី