Diseases July 21st, 2021

ជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease)

ជំងឺតម្រងនោមរ៉ាំរ៉ៃ

តើជំងឺតម្រងនោមរ៉ាំរ៉ៃជាអ្វី?

ជំងឺតម្រងនោមរ៉ាំរ៉ៃគឺជាស្ថានភាពមួយនៃតម្រងនោមដែលកំពុងត្រូវបានរងការខូចខាតដោយសារមូលហេតុផ្សេងៗជាច្រើន ជាលទ្ធផលវាផ្តល់នូវការបាត់បង់បន្តិចម្តងៗនិងជាអចិន្ត្រៃយ៍នៃមុខងារតម្រងនោម។ មូលហេតុចម្បងនៃជំងឺតម្រងនោមរ៉ាំរ៉ៃ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) និងជំងឺធាត់លើសទម្ងន់។ លក្ខខណ្ឌផ្សេងទៀតដែលអាចបង្កឱ្យមានជំងឺតម្រងនោមរ៉ាំរ៉ៃរួមមាន រលាកតម្រងនោម និងជំងឺហ្សែន ឧទា. ជំងឺថង់ទឹកច្រើនក្នុងតម្រងនោម (polycystic​ kidney disease)  ។

សារៈសំខាន់នៃការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា

ប្រសិនបើមិនបានដឹងអំពីជំងឺនេះទេ  ជំងឺតម្រងនោមអាចបង្ករផលអាក្រក់បន្តិចម្តងៗ ដែលរោគសញ្ញាជាទូទៅមិនត្រូវគេកត់សម្គាល់ រហូតដល់មានការខូចខាតធ្ងន់ធ្ងរ។ ការរកឃើញនិងកំណត់រោគវិនិច្ឆ័យទាន់ពេលវេលាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពន្យាពេលនៃការខូចខាតបន្ថែមទៀតដែលទីបំផុតអាចបណ្តាលឲ្យខូចមុខងារតម្រងនោមទាំងស្រុង។  នៅក្នុងដំណាក់កាលចុងក្រោយ ជម្រើសនៃការព្យាបាលគឺមានតិចតូចដូចជាត្រូវលាងឈាមនិងប្តូរតម្រងនោម។

កត្តាប្រឈមនៃជំងឺតម្រងនោមរ៉ាំរ៉ៃ

កត្តាប្រឈមរួមមាន:

  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់
  • ប្រវត្តិគ្រួសារដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
  • វ័យចាស់ជរា
  • ជំងឺធាត់
  • ការជក់បារី

តើមានអ្វីដែលអាចធ្វើបានដើម្បីពិនិត្យរកជំងឺតម្រងនោមរ៉ាំរ៉ៃ?

ការធ្វើតេស្តរកមើលដំបូងគឺមានលក្ខណៈសាមញ្ញណាស់៖

  • ការវាស់សម្ពាធឈាម
  • ការធ្វើតេស្តទឹកនោមរកមើលជាតិប្រូតេអ៊ីន (ប្រូតេអ៊ីនក្នុងទឹកនោម): ប្រូតេអ៊ីនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ។ ជាធម្មតាតម្រងនោមច្រោះកាកសំណល់ចេញពីឈាម និងរក្សាជាតិប្រូតេអ៊ីនដែលអាចត្រូវបានប្រើប្រាស់ដោយរាងកាយ។ នៅពេលដែលមុខងារតម្រងនោមដំណើរការមិនប្រក្រតី ជាតិប្រូតេអ៊ីនក្នុងឈាម (ហៅថាអាល់ប៊ុយមីន) អាចជ្រាបចូលទៅក្នុងទឹកនោម។ ការធ្វើតេស្តទឹកនោមរកមើលជាតិប្រូតេអ៊ីនអាចត្រូវបានធ្វើដោយវិធីសាស្រ្តជាច្រើន។ ការកើនឡើងនៃបរិមាណជាតិប្រូតេអ៊ីនក្នុងទឹកនោមជាសញ្ញានៃការធ្លាក់ចុះមុខងារតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃមួយ។
  • ការធ្វើតេស្តឈាមរកមើលជាតិក្រេអាទីនីន (មុខងារតម្រងនោម)៖ ក្រេអាទីនីនគឺជាកាកសំណល់នៅក្នុងឈាមដែលបានបង្កើតឡើងដោយការបំបែកនៃកោសិកាសាច់ដុំ។ ជាមួយនឹងលទ្ធផលនៃការធ្វើតេស្តនេះ វេជ្ជបណ្ឌិតអាចគណនារកអត្រាចម្រោះនៃតម្រងនោម (GFR) ដែលអាចជួយកំណត់គុណភាពនៃមុខងារតម្រងនោម។ អត្រាចម្រោះនៃតម្រងនោមទាប បង្ហាញថាតម្រងនោមមិនបានដំណើរល្អក្នុងការច្រោះកាកសំណល់ចេញពីរាងកាយ។

រោគសញ្ញាជំងឺតម្រងនោមរ៉ាំរ៉ៃ

រោគសញ្ញាជំងឺតម្រងនោមរ៉ាំរ៉ៃ អាចមានភាពខុសប្លែកពីគ្នាខ្លាំង ពីព្រោះតម្រងនោមគឺមានការជាប់ពាក់ព័ន្ធនឹងមុខងារជាច្រើននៃរាងកាយរបស់យើង។ មនុស្សមួយចំនួនធ្លាប់មានរោគសញ្ញាតិចតួច និងមិនជាក់លាក់ ខណៈដែលមនុស្សជាច្រើនមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់។ នេះគឺជាមូលហេតុដែលជំងឺតម្រងនោមរ៉ាំរ៉ៃ ជាញឹកញាប់មិនត្រូវបានធ្វើរោគវិនិច្ឆ័យរហូតដល់ចុងដំណាក់កាល។ ចូរប្រុងប្រយ័ត្នចំពោះសញ្ញានិងរោគសញ្ញាដូចខាងក្រោម៖

  • អស់កម្លាំង និងចុះខ្សោយ
  • សមត្ថភាពផ្លូវចិត្តថយចុះ
  • ការបាត់បង់ចំណង់អាហារ
  • គេងមិនលក់
  • រមាស់ និងបញ្ហាលើស្បែក
  • ការឈឺចាប់សាច់ដុំ (រមួលក្រពើ) ជាពិសេសនៅពេលយប់
  • ការហើមជើងនិងប្រអប់ជើង
  • ហើមនៅជុំវិញភ្នែក (ជាពិសេសនៅពេលព្រឹក)
  • នោមញឹកញាប់ (ជាពិសេសនៅពេលយប់)

អ្វីដែលអ្នករំពឹងទុក ប្រសិនបើអ្នកមានការប្រឈមខ្ពស់នៃជំងឺតម្រងនោមរ៉ាំរ៉ៃ?

អ្នកនឹងត្រូវធ្វើតេស្តបន្ថែមទៀត ដូច្នេះវេជ្ជបណ្ឌិតអាចធ្វើផែនការក្នុងការព្យាបាលឲ្យបានល្អបំផុត។ ការធ្វើតេស្តជាក់លាក់ដែលអ្នក រំពឹងទុករួមមាន៖

  • គណនារកអត្រាចម្រោះនៃតម្រងនោម (GFR) គឺវិធីសាស្រ្តល្អបំផុតដើម្បីវាស់វែងពីមុខងារនៃតម្រងនោម ដោយផ្អែកលើចំនួននៃក្រេអាទីនីន អាយុ ជាតិសាសន៍ និងភេទ។ GFR អាចជួយវេជ្ជបណ្ឌិតកំណត់ពីដំណាក់កាលនៃជំងឺតម្រងនោម និងរៀបចំផែនការព្យាបាលសមស្រប។
  • ការថតអេកូ ឬ CT ស្កែន​ ត្រូវបានប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាតម្រងនោម និងផ្លូវទឹកនោមខ្លះ។ លទ្ធផលបង្ហាញជារូបភាពអនុញ្ញាតឱ្យវេជ្ជបណ្ឌិតអាចពិនិត្យមើលលើទំហំនៃតម្រងនោម និងការរកមើលជំងឺគ្រួសក្នុងតម្រងនោម ឬដុំសាច់ ព្រមទាំងពិនិត្យមើលរចនាសម្ព័ន្ធរបស់តម្រងនោម និងផ្លូវទឹកនោម។
  • ការច្រឹបសាច់តម្រងនោម គឺត្រូវធ្វើឡើងក្នុងករណីមួយចំនួនដែលមូលហេតុនៃជំងឺតម្រងនោមមិនត្រូវបានកំណត់ច្បាស់លាស់ និងវេជ្ជបណ្ឌិតត្រូវការព័ត៌មានជាក់លាក់។ សំណាកជាលិកាពីតម្រងនោមនឹងត្រូវបានពិនិត្យដោយមីក្រូទស្សន៍ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃការខូចតម្រងនោម និងកំណត់ផែនការព្យាបាលល្អបំផុតដែលអាចធ្វើទៅបាន។

ដំណាក់កាលនៃជំងឺតម្រងនោមរ៉ាំរ៉ៃ

ដំណាក់កាល ពិពណ៌នាដំណាក់កាល អត្រាចម្រោះនៃតម្រងនោម
ដំណាក់កាលទី១ ខូចខាតតម្រងនោមតិចតួច (ប្រូតេអ៊ីនឡើងក្នុងទឹកនោម) ជាមួយនិងអត្រា GFR ធម្មតា ៩០ ឬខ្ពស់ជាង
ដំណាក់កាលទី២ ខូចខាតតម្រងនោម ជាមួយការថយចុះតិចតួចនៃអត្រា GFR ៦០-៨៩
ដំណាក់កាលទី៣ ការថយចុះជាមធ្យមនៃអត្រា GFR ៣០-៥៩
ដំណាក់កាលទី៤ ការថយចុះធ្ងន់ធ្ងរនៃអត្រា GFR ១៥-២៩
ដំណាក់កាលទី៥ ខ្សោយតម្រងនោម (Kidney failure) ទាបជាង១៥

 អត្រាចម្រោះនៃតម្រងនោម នឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបានដឹងថាតើ តម្រងនោមរបស់អ្នកកំពុងដំណើរការយ៉ាងណា។ ជាធម្មតាជំងឺតម្រងនោម​មានសភាពធ្ងន់ធ្ងរដោយពេលវេលានៃការលេចចេញនៃរោគសញ្ញានិង អត្រាចម្រោះរបស់តម្រងនោមមានការថយចុះខ្លាំង។