Diseases July 26th, 2021
ជំងឺទឹកនោមផ្អែម (Diabetes)
តើជំងឺទឹកនោមផ្អែមជាអ្វី?
ជំងឺទឹកនោមផ្អែមគឺជាក្រុមមួយនៃជំងឺដែលបង្ហាញដោយការកើនឡើងជាតិស្ករនៅក្នុងឈាមបណ្តាលមកពីការប៉ះពាល់នៃមុខងារការបញ្ចេញជាតិអាំងស៊ុយលីន សកម្មភាពរបស់អាំងស៊ុយលីន ឬមូលហេតុទាំងពីររួមគ្នា។ ជំងឺទឹកនោមផ្អែមអាចមានទំនាក់ទំនងជាមួយនឹងផលវិបាកធ្ងន់ធ្ងរ និងការស្លាប់មុនអាយុរំពឹងទុក ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមអាចចាត់វិធានការដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមាននេះបាន។
ប្រភេទទាំង៤នៃជំងឺទឹកនោមផ្អែម
- ជំងឺទឹកនោមផ្អែមប្រភេទទី១ ពីមុនត្រូវបានហៅថា ជាជំងឺទឹកនោមផ្អែមពឹងអាស្រ័យអាំងស៊ុយលីន (IDDM) ឬ ទឹកនោមផ្អែមកើតវ័យក្មេង (Juvenile Onset Diabetes)។ ជំងឺទឹកនោមផ្អែមប្រភេទទី១នេះមានចំនួន ៥%-១០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ កត្តាហានិភ័យត្រូវបានកំណត់យ៉ាងតិចតួចសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាងជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ុន្តែជំងឺភាពស៊ាំប្រឆាំងគ្នា(Autoimmune) ជំងឺតំណពូជ និងកត្តាបរិស្ថានគឺមានការពាក់ព័ន្ធក្នុងការវិវដ្តទៅជាជំងឺទឹកនោមផ្អែមប្រភេទនេះ។
- ជំងឺទឹកនោមផ្អែមប្រភេទទី២ ពីមុនត្រូវបានហៅថា ជាជំងឺទឹកនោមផ្អែមមិនពឹងអាស្រ័យអាំងស៊ុយលីន (NDDM) ឬជំងឺទឹកនោមផ្អែមកើតមនុស្សពេញវ័យ។ ជំងឺទឹកនោមផ្អែមប្រភេទទី២នេះមានប្រហែល ៩០%-៩៥% នៃជំងឺទឹកនោមផ្អែមទាំងអស់។ កត្តាប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២នេះរួមមាន មនុស្សចាស់ មនុស្សធាត់ពេក និងក្រុមគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម ប្រវត្តិនៃការកើតជំងឺទឹកនោមផ្អែមកំឡុងមានផ្ទៃពោះ ការគ្រប់គ្រងជាតិស្ករថយចុះ មិនបានហាត់ប្រាណនិង ក្រុមអម្បូរ និងជនជាតិ។
- ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះ កើតឡើងចំនួន ២%-៥% នៃស្ត្រីមានផ្ទៃពោះទាំងអស់ ប៉ុន្តែវាបាត់ទៅវិញនៅពេលស្រី្តសម្រាលកូនរួច។ ការធាត់ខ្លាំងក៏ជាកត្តាប្រឈមខ្ពស់ផងដែរ ។ ស្រ្តីដែលកើនជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះជាកត្តាប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ ។ នៅក្នុងការធ្វើការសិក្សា ស្រ្តីជិត ៤% ដែលមានប្រវត្តិឡើងជាតិស្ករនៅក្នុងឈាមនៅពេលមានគភ៌ អាចកើតមានជំងឺទឹកនោមផ្អែមនៅពេលអនាគត ។
- ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងៗទៀត បណ្តាលមកពីបណ្តុំរោគសញ្ញាតំណពូជជាក់លាក់ ការវះកាត់ ការប្រើប្រាស់ថ្នាំ កង្វះអាហារូបត្ថម្ភ ការបង្ករោគ និងជំងឺផ្សេងទៀត។ ជំងឺទឹកនោមផ្អែមប្រភេទនេះមានចំនួន ១% – ២%នៃជំងឺទឹកនោមផ្អែមទាំងអស់។
ផលវិបាកនៃជំងឺទឹកនោមផ្អែម
ជំងឺបេះដូងគឺជាមូលហេតុចម្បងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមពេញវ័យដែលមានជំងឺបេះដូង គឺមានមានអត្រាស្លាប់ប្រហែល២ ទៅ៤ដង ខ្ពស់ជាងអ្នកមិនមានជំងឺទឹកនោមផ្អែម ។
- ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល មនុស្សកើតជំងឺទឹកនោមផ្អែមអាចមានអត្រាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលខ្ពស់ចំនួន ២ទៅ៤ដង ។
- ជំងឺលើសសម្ពាធឈាម មនុស្សកើតជំងឺទឹកនោមផ្អែមប្រហែល ៦០%-៦៥% មានសម្ពាធឈាមឡើងខ្ពស់ ។
- ងងឹតភ្នែក
- ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃការងងឹតភ្នែកករណីថ្មី ចំពោះមនុស្សដែលមានអាយុចាប់ពី ២០ទៅ ៧៤ឆ្នាំ ។
- ចំនួនអ្នកជំងឺទឹកនោមផ្អែមដែលនាំអោយមានខូចសរសៃប្រាសាទនៅក្នុងភ្នែក មានការខ្វាក់ភ្នែកចំនួន ១២០០០-២៤០០០នាក់ រៀងរាល់ឆ្នាំ ។
- ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺតម្រងនោមដំណាក់កាលចុងក្រោយដែលមានប្រហែល ៤០% នៃករណីថ្មី ។
- ជំងឺប្រព័ន្ធសរសៃប្រាសាទ
- ប្រហែលជា ៦០% – ៧០% នៃអ្នកជំងឺទឹកនោមផ្អែមមានការខូចសរសៃប្រាសាទកម្រិតស្រាលទៅធ្ងន់ធ្ងរ (ដែលខូចញ្ញាណដឹង ឬឈឺចាប់នៅលើប្រអប់ជើង ឬប្រអប់ដៃ ប្រព័ន្ធរំលាយអាហារមិនដំណើរការល្អ ហើយនិងបញ្ហាសរសៃប្រាសាទផ្សេងៗទៀត ។
- ទម្រង់ធ្ងន់ធ្ងរនៃជំងឺសសៃប្រសាទ គឺជាមូលហេតុចម្បងដែលនាំឲ្យកាត់ចុងអវយវះផ្នែកខាងក្រោម។
- ការកាត់អវយវះ ជំងឺទឹកនោមផ្អែមច្រើនជាងពាក់កណ្តាលនៅសហរដ្ឋអាមេរិកត្រូវបានកាត់អវយវះចេញ។
- ជំងឺធ្មេញ ជំងឺអញ្ចាញធ្មេញ (ជាប្រភេទជំងឺអញ្ចាញធ្មេញដែលអាចបណ្តាលឲ្យបាត់បង់ធ្មេញ) កើតឡើងញឹកញាប់ និងធ្ងន់ធ្ងរចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជំងឺអញ្ចាញធ្មេញត្រូវបានរាយការណ៍មានចំនួន ៣០% ចំពោះមនុស្សដែលមានអាយុ ១៩ឆ្នាំ ឬលើស ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១។
- ផលវិបាកចំពោះស្រ្តីមានផ្ទៃពោះ អត្រាទារកកើតមានភាពមិនប្រក្រតីពីកំណើតចំពោះម្តាយដែលមានជំងឺទឹកនោមផ្អែមមានភាពខុសគ្នាពី ០% -៥% ក្នុងចំណោមស្រ្តីទទួលការថែទាំត្រៀមជាមុន និងមានចំនួន ១០% ក្នុងចំណោមស្រ្តីដែលមិនបានថែទាំត្រៀមជាមុន។
- ផលវិបាកផ្សេងៗទៀត
- ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតភ្លាមៗដោយផ្ទាល់ ដូចជាជំងឺទឹកនោមផ្អែមដែលមានអាស៊ីតកេតូនក្នុងឈាម (diabetic ketoacidosis) និងប្រភេទ hyperosmolar nonketotic coma.*
- អ្នកដែលមានជំងឺទឹកនោមផ្អែមងាយនឹងទទួលរងនូវជំងឺផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ដូចជា ពួកគេងាយនឹងស្លាប់ដោយជំងឺរលាកសួត ឬជំងឺគ្រុនផ្តាសាយជាងមនុស្សដែលមិនមានជំងឺទឹកនោមផ្អែម។
កំណត់ចំណាំ: * ជំងឺទឹកនោមផ្អែម ketoacidosis និងប្រភេទ hyperosmolar nonketotic coma គឺជាស្ថានភាពវេជ្ជសាស្ត្រដែលអាចបណ្តាលមកពីកម្រិតជាតិស្ករខ្ពស់ និងអតុល្យភាពគីមីជីវៈនៅក្នុងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន។
លក្ខណៈរោគវិនិច្ឆ័យថ្មីសម្រាប់ជំងឺទឹកនោមផ្អែម *
លក្ខណៈរោគវិនិច្ឆ័យថ្មីៗសម្រាប់ជំងឺទឹកនោមផ្អែមរួមមានការផ្លាស់ប្តូរដូចខាងក្រោម៖
- ការធ្វើតេស្តរោគវិនិច្ឆ័យជាទូទៅសម្រាប់ជំងឺទឹកនោមផ្អែមបច្ចុប្បន្នគឺជាការធ្វើតេស្តជាតិស្ករក្នុងឈាមបន្ទាប់ពីតមអាហារ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកាលៈទេសៈណាមួយ គ្រូពេទ្យអាចជ្រើសរើសធ្វើតេស្តនៃលទ្ធភាពរាងកាយក្នុងការប្រើប្រាស់ជាតិស្ករ។
- លទ្ធផលដែលបញ្ជាក់ថា ** លទ្ធផលនៃតេស្តជាតិស្ករក្នុងឈាមបន្ទាប់ពីអត់អាហារខ្ពស់ជាង ឬស្មើ ១២៦ មីលីក្រាម / មីលីលីត្រ (mg / dL) បញ្ជាក់ថាមានរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។
- ក្នុងវត្តមាននៃរោគសញ្ញានៃជំងឺទឹកនោមផ្អែម លទ្ធផលដែលបញ្ជាក់ថា ** កម្រិតជាតិស្ករនៃតេស្តដោយមិនបាច់អត់អាហារស្មើ ឬលើសពី ២០០ មីលីក្រាម / ដេស៊ីលីត្រ បង្ហាញថារោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។
- ពេលគ្រូពេទ្យជ្រើសរើសការធ្វើតេស្តលទ្ធភាពរាងកាយក្នុងការប្រើប្រាស់ជាតិស្ករ(ដោយផ្តល់ជាតិស្ករចំនួន ៧៥ ក្រាមលាយក្នុងទឹក បន្ទាប់មកវាស់កម្រិតគ្លុយកូសក្នុងឈាម ២ម៉ោងក្រោយមក) តម្លៃស្ករខ្ពស់ជាងឬស្មើ ២០០ មីលីក្រាម / dL បញ្ជាក់ថាមានរោគវិនិច្ឆ័យ ជំងឺទឹកនោមផ្អែម។
- ចំពោះស្ត្រីមានផ្ទៃពោះ តម្រូវការខុសៗគ្នាត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីវត្តមាននៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
** លើកលែងតែកាលៈទេសៈជាក់លាក់ណាមួយ លទ្ធផលតេស្តមិនធម្មតាត្រូវតែធ្វើឡើងវិញនៅថ្ងៃផ្សេងទៀតដើម្បីបញ្ជាក់។
ការព្យាបាលជំងឺទឹកនោមផ្អែម
ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ការព្យាបាល និងយុទ្ធសាស្ត្រការពារមានការរីកចំរើនរាល់ថ្ងៃ។ ការព្យាបាលមានគោលបំណងរក្សាជាតិស្ករក្នុងឈាមឲ្យនៅជិតកម្រិតធម្មតាគ្រប់ពេលវេលា។ ការបណ្តុះបណ្តាលពីការគ្រប់គ្រងខ្លួនឯងគឺជាកត្តាសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ការព្យាបាលត្រូវតែមានលក្ខណៈបុគ្គល ហើយត្រូវតែដោះស្រាយបញ្ហាវេជ្ជសាស្រ្ត ចិត្តសាស្រ្ត និងរបៀបរស់នៅ។
- ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ៖ កង្វះការផលិតអាំងស៊ុយលីនដោយលំពែងអាចធ្វើឲ្យជំងឺទឹកនោមផ្អែមប្រភេទទី១ពិបាកក្នុងគ្រប់គ្រង។ ការព្យាបាលតម្រូវឲ្យមានរូបមន្តដែលរួមមានរបបអាហារដែលត្រូវបានគណនាយ៉ាងហ្មត់ចត់ ផែនការលំហាត់ប្រាណ ការធ្វើតេស្តជាតិស្ករក្នុងឈាមនៅផ្ទះ និងការចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃ។
- ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២៖ រួមមានការគ្រប់គ្រងរបបអាហារ ការធ្វើលំហាត់ប្រាណ ការធ្វើតេស្តជាតិស្ករនៅផ្ទះ និងក្នុងករណីខ្លះ ប្រើឱសថលេប និង ឬចាក់អាំងស៊ុយលីន។ ប្រហែល ៤០% នៃអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការការចាក់អាំងស៊ុយលីន។
កម្រិតជាតិស្ករក្នុងឈាមថយក្រោយតមអាហារ
កម្រិតជាតិស្ករក្នុងឈាមថយក្រោយអត់អាហារគឺជាប្រភេទរោគវិនិច្ឆ័យថ្មីមួយដែលមនុស្សម្នាក់មានកម្រិតជាតិស្ករក្នុងឈាមក្រោយតមអាហារពី ១១០-១១៥ ម.ក / ដ.ល ។ កម្រិតជាតិស្ករនេះគឺខ្ពស់ជាងកម្រិតដែលគេចាត់ទុកថាធម្មតា ប៉ុន្តែតិចជាងកម្រិតដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។ អ្នកវិទ្យាសាស្រ្តកំពុងព្យាយាមសិក្សាពីរបៀបដើម្បីព្យាករណ៍ប្រភេទមនុស្សនៃក្រុមនេះមួយណាដែលនឹងបន្តវិវត្តន៍កើតជំងឺទឹកនោមផ្អែម និងវិធីការពារការវិវន្តន៍នេះ។
តើអាំងស៊ុយលីនជាអ្វី?
នៅផ្នែកខាងក្នុងលំពែង កោសិកាបែតាបង្កើតនូវអ័រម៉ូនអាំងស៊ុយលីន។ ជាមួយការបរិភោគអាហារមួយពេលៗកោសិកាបែតានឹងបញ្ចេញអាំងស៊ុយលីនដើម្បីជួយឲ្យរាងកាយប្រើប្រាស់ ឬរក្សាទុកជាតិគ្លុយកូសដែលវាទទួលបានពីអាហារ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ លំពែងមិនមានការបង្កើតអាំងស៊ុយលីនទៀតទេ។ កោសិកាបែតាត្រូវបានបំផ្លាញ។ ពួកគេត្រូវការចាក់អាំងស៊ុយលីនដើម្បីប្រើប្រាស់ជាតិគ្លុយកូសពីចំណីអាហារ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កើតអាំងស៊ុយលីន ប៉ុន្តែរាងកាយរបស់ពួកគេមិនបានឆ្លើយតបយ៉ាងល្អចំពោះវានោះទេ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការថ្នាំលេប ឬថ្នាំចាក់អាំងស៊ុយលីនដើម្បីជួយឲ្យរាងកាយរបស់ពួកគេប្រើប្រាស់ជាតិគ្លុយកូសសម្រាប់បង្កើតជាថាមពល។ អាំងស៊ុយលីនមិនត្រូវបានធ្វើឡើងជាប្រភេទថ្នាំគ្រាប់ទេ។ វានឹងត្រូវរលាយក្នុងកំឡុងពេលរំលាយអាហារដូចប្រូតេអ៊ីនក្នុងអាហារដែរ។ ដូច្នេះត្រូវចាក់អាំងស៊ុយលីនចូលទៅក្នុងខ្លាញ់ក្រោមស្បែកដើម្បីឲ្យវាចូលក្នុងឈាមរបស់អ្នក។ អាំងស៊ុយលីនមានច្រើនជាង២០ប្រភេទនៅលើទីផ្សារ។ អាំងស៊ុយលីនទាំងនេះមានភាពខុសគ្នាតាមរបៀបដែលពួកគេត្រូវបានផលិតឡើង របៀបដែលពួកគេធ្វើការក្នុងរាងកាយ និងតម្លៃ។
- អាំងស៊ុយលីនមានបួនប្រភេទ ដែលផ្អែកលើ
- តើអាំងស៊ុយលីនចាប់ផ្តើមធ្វើការលឿនប៉ុណ្ណា(ចាប់ផ្តើម)
- ពេលដែលវាមានប្រសិទ្ធិភាពខ្ពស់បំផុត (ពេលវលាខ្ពស់បំផុត)
- តើវាមានរយៈពេលយូរប៉ុណ្ណានៅក្នុងខ្លួនអ្នក (រយៈពេល)
ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២
ការព្យាបាលដំបូងសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាញឹកញាប់គឺផែនការរបបអាហារសម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណ។ ប៉ុន្តែពេលខ្លះ វិធានការទាំងនេះមិនគ្រប់គ្រាន់ដើម្បីនាំយកជាតិស្ករក្នុងឈាមទៅជិតកម្រិតធម្មតានោះទេ។ ជំហានបន្ទាប់គឺការប្រើថ្នាំដែលបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ឱសថមានពីរប្រភេទគឺឱសថលេប (ថ្នាំគ្រាប់) និងថ្នាំចាក់អាំងស៊ុយលីន។ ថ្នាំគ្រាប់សម្រាប់ជំងឺទឹកនោមផ្អែមមិនមែនជាអាំងស៊ុយលីននោះទេ។
របៀបដែលថ្នាំទឹកនោមផ្អែមធ្វើការ
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ខ្លាំង។ កម្រិតខ្ពស់ទាំងនេះកើតឡើងដោយសារតែជាតិស្កមានតែនៅក្នុងឈាមច្រើនជាងចូលក្នុងកោសិកាដែលវាត្រូវទៅ។ ប៉ុន្តែដើម្បីឲ្យជាតិគ្លុយកូសចូលទៅក្នុងកោសិកា ត្រូវតែមានវត្តមានរបស់អាំងស៊ុយលីន ហើយកោសិកាត្រូវតែ “ស្រេកឃ្លាន” ជាតិគ្លុយកូស។
- អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ មិនបង្កើតអាំងស៊ុយលីនទេ។ ចំពោះអ្នកជំងឺក្រុមនេះ ការចាក់អាំងស៊ុយលីនជាមធ្យោបាយតែមួយគត់ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមថយចុះ។
- អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានបញ្ហាពីរ។ ពួកគេមិនបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ទេ និងកោសិកានៃរាងកាយរបស់ពួកគេហាក់ដូចជាមិនទទួលជាតិស្ករក្នុងបរិមាណមួយដែលពួកគេត្រូវការ។
- ថ្នាំគ្រាប់សម្រាប់ជំងឺទឹកនោមផ្អែមទាំងអស់ដលមានលក់សព្វថ្ងៃ គឺជាសមាជិកនៃប្រភេទ៣ក្រុម។ ពួកវាធ្វើការតាមវិធីផ្សេងគ្នាក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម។
ក្រុមទីមួយនៃឱសថគឺរំញោចកោសិកាបែតាដើម្បីបញ្ចេញអាំងស៊ុយលីនបន្ថែម។
- ប្រភេទថ្នាំ Sulfonylurea ត្រូវបានប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ។ ថ្នាំទាំងនេះត្រូវបានប្រើប្រាស់ជាទូទៅពីមួយទៅពីរដងក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារ។ ប្រភេទថ្នាំ Sulfonylurea ទាំងអស់មានប្រសិទ្ធភាពស្រដៀងគ្នាលើកម្រិតជាតិស្ករនៅក្នុងឈាម ប៉ុន្តែ មានភាពខុសគ្នារវាងផលប៉ះពាល់បន្ទាប់បន្សំ ចំនួនដងនៃការទទួលទាន និងឥទ្ធិពលជាមួយថ្នាំដទៃទៀត។
- Repaglinide គឺជាឱសថដែលមានសកម្មភាពរយៈពេលខ្លី។ វាត្រូវបានប្រើប្រាស់ចំនួនបីដងក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារ។ ដោយសារតែប្រភេទនៃថ្នាំនេះរំញោចក្នុងការបញ្ចេញអាំងស៊ុយលីន វាអាចធ្វើឲ្យមានជាតិស្ករក្នុងឈាមទាប (hypoglycemia) ។
ក្រុមទីពីរនៃថ្នាំទឹកនោមផ្អែមគឺជួយភ្ញោចរាងកាយឲ្យប្រើប្រាស់អាំងស៊ុយលីនដែលមានស្រេចរួចទៅហើយ។
- Metformin គឺជា Biguanide។ វាបន្ថយជាតិស្ករក្នុងឈាមដោយជួយធ្វើឲ្យអាំងស៊ុយលីនដំណើរការប្រសើរជាងមុនដែលភាគច្រើននៅក្នុងថ្លើម។ ជាធម្មតាវាត្រូវបានប្រើប្រាស់ពីរឬបីដងក្នុងមួយថ្ងៃ។ ផលប៉ះពាល់នៃថ្នាំ metformin រួមមាន ការហើមពោះដែលជាធម្មតាបាត់ទៅវិញនៅពេលអ្នកប្រើប្រាស់ថ្នាំនេះរយៈពេលមួយឬពីរសប្តាហ៍។
- Glitazones, rosiglitazone និង pioglitazone បង្កើតជាក្រុមមួយដែលហៅថា thiazolidinediones ។ ពួកវាជួយធ្វើឲ្យអាំងស៊ុយលីនដំណើរការប្រសើរឡើងនៅក្នុងសាច់ដុំ និងជាតិខ្លាញ់។ Litazones អាចបណ្តាលឲ្យចាល់ជាតិទឹក សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញានៃការចាល់ជាតិទឹក។
ក្រុមទី៣ នៃឱសថលេបតាមមាត់អាចរារាំង ឬទប់ស្កាត់ការបំបែកជាតិម្សៅម្យ៉ាង និងជាតិស្ករ។
- Acarbose និង meglitol គឺជា alpha-glucosidase inhibitors។ ពួកវាជួយឲ្យរាងកាយកាត់បន្ថយជាតិស្ករក្នុងឈាមដោយរារាំងការការបំបែកជាតិម្សៅម្យ៉ាង ដូចជា នំប៉័ង ដំឡូងនិងប៉ាស្តា។ ពួកវាក៏ជួយបន្ថយល្បឿននៃការកើនជាតិស្ករក្នុងឈាមបន្ទាប់ពីបរិភោគអាហាររួច។ សកម្មភាពរបស់ពួកគេបានពន្យឺតការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីបរិភោគអាហារ។ ពួកគេគួរតែត្រូវបានលេបជាមួយអាហារមួយម៉ាត់ដំបូង។ ថ្នាំទាំងនេះអាចមានផលប៉ះពាល់ដូចជា ការផោម និងជំងឺរាគ។
- Tags:
- Diabetes, ជំងឺទឹកនោមផ្អែម