Diseases July 27th, 2021

គ្រួសក្នុងថង់ប្រម៉ាត់ (Gallstones)

គ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់ គឺកើតមានជាទូទៅចំពោះស្ត្រីច្រើនជាងបុរស ជាពិសេសបន្ទាប់ពីអាយុ៤០ឆ្នាំ។

គ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់ គឺជាកំណកមានសភាពរឹងនៃសារធាតុរាវរបស់ប្រព័ន្ធរំលាយអាហារ ដែលបង្ករឡើងនៅក្នុងថង់ប្រម៉ាត់ និងត្រូវបានបង្កើតទៅជាសារធាតុជាច្រើនផ្សេងទៀត រួមមានកូឡេស្តេរ៉ុល និងប៊ីលីរុយប៊ីន ដែលកកើតឡើងជាកំណក ដូចគ្នានិងកំណកនៃក្រាមរបស់ស្ករដែលកកនៅបាតពាង។ គ្រួសក្នុងថង់ប្រម៉ាត់អាចមានភាពខុសគ្នាចាប់ពីទំហំតូចដូចគ្រាប់ខ្សាច់ទៅទំហំធំប៉ុនគ្រាប់កូនហ្គោល។ អ្នកខ្លះអាចមានគ្រួសតែមួយ តែអ្នកខ្លះទៀតអាចមានគ្រួសរហូតដល់រាប់រយ។

  • ប្រភេទនៃគ្រួសក្នុងថង់ប្រម៉ាត់
  • កត្តាប្រឈមនៃគ្រួសក្នុងថង់ប្រម៉ាត់
  • រោគសញ្ញានៃគ្រួសក្នុងថង់ប្រម៉ាត់
  • ការធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ប្រម៉ាត់
  • ការព្យាបាលជំងឺគ្រួសក្នុងថង់ប្រម៉ាត់

ប្រភេទនៃគ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់មានពីរប្រភេទ៖

  • គ្រួសកូឡេស្តេរ៉ុល៖ ប្រហេល ៨០% នៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ត្រូវបានកកើតឡើងជាចម្បងពីជាតិកូឡេស្តេរ៉ុល។ ជាធម្មតា មានព័ណ៌ស លឿង ឬបៃតង ពួកវាត្រូវបានកកើតឡើងនៅពេលថង់ទឹកប្រម៉ាត់មិនអាចដំណើរការបញ្ចេញការកើនឡើងកកកុញនៃបរិមាណកូឡេស្តេរ៉ុលនៅក្នុងថង់ទឹកប្រម៉ាត់បាន។
  • Pigment Stone: Pigment Stone មានទំហំតូច និងក្រម៉ៅជាងគ្រួសកូឡេស្តេរ៉ុល និងជាធម្មតាកើតមានចំពោះអ្នកជំងឺដែលមានជំងឺក្រិនថ្លើម ឬជំងឺឈាមដូចជាជំងឺគ្រាប់ឈាម Thalassemia ជំងឺកង្វះ G6PD ជាដើម។

កត្តាប្រឈមនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • កត្តាហ្សែន៖ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺគ្រួសក្នុងថង់ប្រម៉ាត់គឺមានហានិភ័យខ្ពស់។
  • ជំងឺធាត់៖ ភាពធាត់គឺមានការប្រឈមខ្ពស់ ពីព្រោះវាបង្កើនជាតិកូឡេស្តេរ៉ុលក្នុងទឹកប្រម៉ាត់។
  • ថ្នាំអ៊ឹស្ត្រូសែន និងការមានផ្ទៃពោះ៖ អ៊ឹស្ត្រូសែន និងការមានផ្ទៃពោះ ធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលកើនឡើង និងកាត់បន្ថយចលនារបស់ថង់ទឹកប្រម៉ាត់។ ថ្នាំពន្យារកំណើត និងការព្យាបាលដោយប្រើអ័រម៉ូន ក៏ជាហានិភ័យនៃការកើតឡើងនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ដែរ។
  • ភេទ និងអាយុ៖ ជំងឺគ្រួសក្នុងថង់ប្រម៉ាត់ កើតឡើងញឹកញាប់លើស្ត្រី និងមនុស្សចាស់។
  • ជំងឺទឹកនោមផ្អែម៖ កម្រិតជាតិទ្រីគ្លីសេរីតខ្ពស់ និងការថយចុះនៃចលនាថង់ទឹកប្រម៉ាត់ចំពោះអ្នកជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់ផងដែរ។
  • ស្រកទម្ងន់ឆាប់រហ័ស: ប្រសិនបើអ្នកសំរកទម្ងន់លឿនពេក ថ្លើមនឹងបញ្ចេញចោលនូវជាតិកូលេស្តេរ៉ុលលើសកំរិត ហើយថង់ទឹកប្រម៉ាត់មិនអាចកន្ត្រាក់ញឹកញាប់គ្រប់គ្រាន់ដើម្បីបញ្ចេញចោលនូវទឹកប្រម៉ាត់ដែលនាំឲ្យមានជំងឺគ្រួសក្នុងថង់ប្រម៉ាត់។
  • របបអាហារ: ការទទួលទានអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់ និងរបបអាហារមានជាតិសរសៃតិចបង្កើនហានិភ័យនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ផងដែរ។

រោគសញ្ញានៃគ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់ជាទូទៅមិនបណ្តាលឲ្យមានរោគសញ្ញាណាមួយឡើយ។ ជាធម្មតា អ្នកដែលមានជំងឺនេះដឹងថាគាត់មានជំងឺគ្រួសក្នុងប្រម៉ាត់នៅពេលដែលគាត់ទទួលការពិនិត្យជំងឺផ្សេងទៀត ឬក្នុងអំឡុងពេលពិនិត្យសុខភាព។ ពេលដែលរោគសញ្ញាលេចឡើង រោគសញ្ញាទាំងនេះរួមមាន៖

  • ឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកខាងលើ ខាងស្ដាំនៃពោះ។ ការឈឺចាប់នេះអាចមានរយៈពេល១៥នាទី ឬច្រើនម៉ោងនិងអាចឈឺចាក់ទៅផ្នែកខាងក្រោយត្រង់ឆ្អឹងផាល ឬស្មាខាងស្តាំ។
  • ក្អួត
  • ចង្អោរ
  • បញ្ហាក្រពះពោះវៀនផ្សេងទៀត រួមមាន ការហើមពោះ ការមិនរំលាយអាហារ ការក្រហាយទ្រូង ផោម និងការឈឺចាប់បន្ទាប់ពីការបរិភោគអាហារមានជាតិខ្លាញ់។
  • រលាកស្រួចស្រាវនៃថង់ទឹកប្រម៉ាត់បណ្តាលឲ្យគ្រុនក្តៅ ការឈឺចាប់នៅក្នុងតំបន់ខាងក្រោមផ្នែកខាងស្តាំនៃពោះ ស្បែកនិងភ្នែកលឿង និងទឹកនោមព័ណ៌ក្រម៉ៅ។

ការធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • ការវាយតម្លៃនៃប្រវត្តិរបស់អ្នកជំងឺ និងការពិនិត្យរាងកាយ
  • ធ្វើតេស្តឈាមដើម្បីពិនិត្យមើលមុខងារថ្លើម
  • ធ្វើអេកូពោះ

ការព្យាបាលជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • ធ្វើការវះកាត់ថង់ទឹកប្រម៉ាត់
    • វះបើកពោះកាត់យកថង់ទឹកប្រម៉ាត់ចេញ
    • វះចោះពោះកាត់ថង់ទឹកប្រម៉ាត់ចេញ
  • Endoscopic cholangiopancreatography retrograde (ERCP) ត្រូវបានធ្វើឡើងក្នុងករណីគ្រួសស្ថិតនៅក្នុងបំពង់ទឹកប្រម៉ាត់។

ផលវិបាកក្រោយការវះកាត់ថង់ប្រម៉ាត់

ថង់ប្រម៉ាត់គឺជាសរីរាង្គមួយដែលជាកន្លែងរក្សាទុកទឹកប្រម៉ាត់។ នៅពេលថង់ទឹកប្រម៉ាត់ត្រូវបានកាត់ចេញ ទឹកប្រម៉ាត់នឹងហូរផ្ទាល់ចេញពីថ្លើម ដែលជាកន្លែងផលិតដោយឆ្លងកាត់ពោះវៀនតូច។ ទឹកប្រម៉ាត់តិច គឺមានការប្រមូលផ្តុំតិចតួច ប៉ុន្តែវាមិនមានប្រសិទ្ធិភាពលើការរំលាយអាហារនោះទេ។ មនុស្សប្រមាណជា ១០% ដែលគ្មានថង់ទឹកប្រម៉ាត់អាចជួបប្រទះជំងឺរាគដែលបណ្តាលមកពីលំហូរច្រើនលើសលប់នៃទឹកប្រម៉ាត់។

ការកាត់យកថង់ទឹកប្រម៉ាត់ចេញតាមឧបករណ៍ឆ្លុះពោះ គួរត្រូវបានអនុវត្តដោយអ្នកជំនាញប៉ុណ្ណោះ ពីព្រោះវាមានការប្រឈមនៃផលវិបាកមួយចំនួនដូចជា ការរបួសដោយចៃដន្យទៅនឹងបំពង់ទឹកប្រម៉ាត់ ធ្វើឲ្យមានការលេចជ្រាបទឹកប្រម៉ាត់ ឬការស្ទះបំពង់ទឹកប្រម៉ាត់បាន។