Diseases July 28th, 2021

ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease – GERD)

ជំងឺច្រាលអាស៊ីតក្រពះ

ជំងឺច្រាលអាស៊ីតក្រពះ (GERD) គឺកើតឡើងពេលដែលអាស៊ីតក្នុងក្រពះ ហូរច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារ បណ្តាលឱ្យក្រហាយទ្រូង និងច្រាលជាតិអាស៊ីត ដែលធ្វើឲ្យរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។ ការច្រាលអាស៊ីតក្រពះ អាចកើតឡើងទាំងចំពោះទារក និងមនុស្សពេញវ័យ។

  • មូលហេតុនៃការច្រាលអាស៊ីតក្រពះ
  • រោគសញ្ញាច្រាលអាស៊ីតក្រពះ
  • ការធ្វើរោគវិនិច្ឆ័យ
  • ជម្រើសការព្យាបាលការច្រាលអាស៊ីតក្រពះ

មូលហេតុនៃការច្រាលអាស៊ីតក្រពះ

  • ភាពមិនប្រក្រតីនៃប្រឺសបំពង់អាហារផ្នែកខាងក្រោម (sphincter)៖ ប្រឺសបំពង់អាហារផ្នែកខាងក្រោមដើរតួនាទីជាសន្ទះបិទរវាងក្រពះ និងបំពង់អាហារ ក្លាយទៅជាខ្សោយ ឬបើកចំហរយូរជាងធម្មតា បណ្តាលអោយអាស៊ីតក្រពះច្រាលឡើងលើចូលទៅក្នុងបំពង់អាហារ។ ភាពមិនប្រក្រតីនេះ ជាទូទៅត្រូវបានបង្ករឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន។
  • ភាពមិនប្រក្រតីនៃបំពង់អាហារ៖ ប្រភេទនៃភាពមិនប្រក្រតីនេះ ធ្វើឲ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្តាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
  • ភាពមិនប្រក្រតីនៃក្រពះ​ ៖ មូលហេតុនេះបណ្តាលអោយមុខងាររបស់ក្រពះដំណើរការមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។ អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
  • ជំងឺទឹកនោមផ្អែម៖ ខណៈពេលដែលមូលហេតុមិនត្រូវបានគេស្គាល់ នៅឆ្នាំ២០០៨ ត្រូវបានគេរាយការណ៍ថាការច្រាលអាស៊ីតក្រពះត្រូវបានរកឃើញនៅក្នុងប្រមាណ ៤០% នៃអ្នកដែលមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានផលវិបាកនៃជំងឺទឹកនោមផ្អែមដូចជាជម្ងឺសរសៃប្រសាទ។

រោគសញ្ញានៃការច្រាលអាស៊ីតក្រពះ

  • មានអារម្មណ៍ក្តៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លូនដេក។
  • មានរសជាតិល្វីង ឬជូរក្នុងមាត់ – វាកើតឡើងនៅពេលដែលអ្នកជំងឺភើ និងណ្តាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។
  • ហើមពោះ មានអារម្មណ៍ថាឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។
  • ឈឺទ្រូង មានអារម្មណ៍ថាមានដុំក្នុងបំពង់ក និងការមានការក្រហែមញឹកញាប់ពេក។
  • ជំងឺហឺត ក្អកស្ងួត ឈឺក និងស្អក – រោគសញ្ញាទាំងនេះកើតមានឡើងដោយសារការច្រាលនៃអាស៊ីតក្រពះចូលទៅក្នុងបំពង់ក និងប្រអប់សំឡេងដែលបង្កឱ្យមានការរលាកនៃប្រអប់សំឡេងនោះ។
  • ចំពោះកុមារ រោគសញ្ញារួមមានការក្អួតញឹកញាប់បន្ទាប់ពីបៅទឹកដោះគោ ភាពស្លេកស្លាំង ស្រកទម្ងន់ មិនលូតលាស់ ការក្អករ៉ាំរ៉ៃ ជំងឺហឺតនៅពេលយប់ និងជំងឺរលាកសួតរ៉ាំរ៉ៃ។ កុមារខ្លះអាចឈប់ដកដង្ហើមណ្តោះអាសន្នពេលគេង។

ការធ្វើរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យ ជំងឺច្រាលអាស៊ីតក្រពះ (GERD) និងផ្តល់អនុសាសន៍នៃការព្យាបាលនៅពេលណាដែលរោគសញ្ញាខាងលើនេះត្រូវបានរកឃើញ។ ប្រសិនបើរោគសញ្ញាមិនមានភាពប្រសើរឡើងបន្ទាប់ពីអនុវត្តតាមដំបូន្មានរបស់វេជ្ជបណ្ឌិត ឬបន្ទាប់ពីទទួលការព្យាបាលជាមូលដ្ឋានទេ ការធ្វើតេស្តដូចខាងក្រោមនេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់នូវការធ្វើរោគវិនិច្ឆ័យលម្អិតបន្ថែមទៀត៖

  • ការថតឆ្លុះក្រពះពោះវៀន (Endoscopy)
  • ថតកាំរស្មីអ៊ិចដោយបញ្ចូលថ្នាំ Barium
  • ការសិក្សាវេជ្ជសាស្រ្តតាមនុយក្លេអ៊ែរ
  • ការធ្វើតេស្តចលនាបំពង់អាហារ
  • ការធ្វើតេស្តកំរិត pH ក្នុងបំពង់អាហារ ដែលផ្តល់លទ្ធផលភ្លាមៗ

ការផ្លាស់ប្តូររបៀបរស់នៅ

ចំពោះអ្នកជំងឺភាគច្រើន រោគសញ្ញាគឺមិនមានភាពធ្ងន់ធ្ងរនោះទេ និងអាចកាត់បន្ថយតាមរយៈការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញដូចខាងក្រោម៖

  • រក្សាទម្ងន់សមស្រប
  • ជៀសវាងតែ កាហ្វេ ភេសជ្ជៈជាតិកាបូណាត ទឹកផ្លែឈើ អាហារជូរ និងហឺរ អាហារដែលមានជាតិខ្លាញ់ និងស្ករសូកូឡា
  • ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់
  • ជៀសវាងបរិភោគច្រើនសម្រាប់អាហារពេលល្ងាច ជៀសវាងទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារ ត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ម៉ោងបន្ទាប់ពីការទទួលទានរួច
  • ជៀសវាងសម្លៀកបំពាក់ ឬខ្សែក្រវ៉ាត់ដែលរឹបខ្លាំង
  • បរិភោគអាហារតិចតួច តែញឹកញាប់
  • គេងក្នុងស្ថានភាពក្បាលខ្ពស់យ៉ាងហោចណាស់ ៦អ៊ិញ ពីលើគ្រែនៅលើខ្នើយដែលរឹង
  • ហាត់ប្រាណអោយទៀងទាត់
  • ជៀសវាងមានអារម្មណ៍តានតឹង

ជម្រើសការព្យាបាលច្រាលអាស៊ីតក្រពះ

  • ថ្នាំគឺអាចព្យាបាលបំពង់អាហារជាសះស្បើយ និងកាត់បន្ថយការផលិតអាស៊ីត
  • ការវះកាត់អាចត្រូវបានធ្វើឡើងក្នុងករណីដូចខាងក្រោមនេះ៖
    • ក្នុងស្ថានភាពមួយដែលការប្រើថ្នាំ មិនមានប្រយោជន៍ និងរោគសញ្ញានៅតែមាន
    • ក្នុងស្ថានភាពដែលអ្នកជំងឺមិនអាចទទួលការព្យាបាលដោយថ្នាំរយៈយូរ ឬជួបនូវផលរំខានបន្ទាប់បន្សំ