Diseases August 9th, 2021

ជំងឺមហារីកសួត (Lung Cancer)

ជំងឺមហារីកសួត

ជំងឺមហារីកសួតគឺជាជំងឺដែលកើតឡើងញឹកញាប់នៅក្នុងប្រទេសថៃ និងជាមូលហេតុចម្បងនៃការស្លាប់ទាំងបុរសនិងស្ត្រី។ ទោះជាយ៉ាងណា មហារីកសួតគឺអាចព្យាបាលបានប្រសិនបើធ្វើរោគវិនិច្ឆ័យត្រូវបានរកឃើញនៅដំណាក់កាលដំបូង។

  • ប្រភេទនៃជំងឺមហារីកសួត
  • កត្តាប្រឈមសម្រាប់ជំងឺមហារីកសួត
  • ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួត
  • រោគសញ្ញានៃជំងឺមហារីកសួត
  • ការធ្វើរោគវិនិច្ឆ័យ
  • ដំណាក់កាលនៃជំងឺមហារីកសួត
  • ការព្យាបាលជំងឺមហារីកសួត

ប្រភេទនៃជំងឺមហារីកសួត

ជំងឺមហារីកសួតកើតឡើងនៅពេលដែលកោសិកានៅក្នុងសួតលូតលាស់ដោយមិនអាចគ្រប់គ្រងបាន និងបង្កើតបានជាដុំសាច់។ ដុំសាច់អាចជាដុំមហារីក ឬមិនមែនមហារីក។ ដុំសាច់មហារីក គឺជាការប្រមូលផ្តុំនៃកោសិកាមហារីកដ៏ច្រើន ដែលមានសមត្ថភាពរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ អត្រាស្លាប់នៃជំងឺមហារីកសួតអាស្រ័យលើប្រភេទនៃជំងឺមហារីកនេះ។

ជំងឺមហារីកសួតមានពីរប្រភេទសំខាន់ៗ ដែលកំណត់បានដោយរូបរាងនៃកោសិកាដែលមើលឃើញដោយមីក្រូទស្សន៍។ ប្រភេទទាំងពីរនៃមហារីកសួតមានការវិវត្ត និងការព្យាបាលខុសគ្នា

  • មហារីកសួតកោសិកាតូច (Small cell lung cancer SCLC) -មហារីកប្រភេទនេះមានប្រហែល១០-១៥%។ ប្រភេទនៃមហារីកនេះមានការរីករាលដាលលឿនជាងមហារីកប្រភេទ មហារីកសួតមិនមែនកោសិកាតូច (Non-small cell carcinoma) បណ្តាលឲ្យស្លាប់យ៉ាងឆាប់រហ័ស។ ការព្យាបាលដោយការប្រើថ្នាំ ឬការបាញ់កាំរស្មីត្រូវបាធ្វើឡើងដោយការវះកាត់។
  • មហារីកសួតមិនមែនកោសិកាតូច (Nonsmall cell lung cancer NSCLC) – ប្រភេទនៃមហារីកសួតនេះមានប្រហែល ៨៥ ទៅ៩០% នៃជំងឺមហារីកសួត។ វារាលដាលយឺតជាងប្រភេទ SCLC និងអាចព្យាបាលជាសះស្បើយដោយវះកាត់ប្រសិនបើរកឃើញនៅក្នុងដំណាក់កាលដំបូង។

កត្តាប្រឈមនៃជំងឺមហារីកសួត

មូលហេតុជាក់លាក់នៃជំងឺមហារីកសួតមិនត្រូវបានស្គាល់នោះទេ។ ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត៖

  • ការជក់បារី – វាអាចជាមូលហេតុចម្បងនៃជំងឺមហារីកសួត។ អ្នកជក់បារីហាក់ដូចជាវិវត្តទៅជាជំងឺមហារីកសួតជាងអ្នកដែលមិនជក់បារី ១០ ទៅ ៣០ ដង។ ជាតិនីកូទីនក្នុងបារីបំផ្លាញកោសិកាសួត បណ្តាលឲ្យមានភាពមិនប្រក្រតីនៃកោសិកានេះ។ លទ្ធភាពនៃការកើតមហារីក គឺអាស្រ័យលើចំនួននៃបារី និងចំនួនឆ្នាំដែលមនុស្សម្នាក់បានជក់។
  • សារធាតុពុល និងភាពក្រខ្វក់នៃបរិស្ថាន – ផ្សែងបារី សារធាតុមិនឆេះ ជាតិរ៉ាដុង សារធាតុអាសេនិច វិទ្យុសកម្មនិងសារធាតុគីមីផ្សេងទៀតរួមទាំងធូលី ចំហាយពីនីកែល ជាតិក្រូម និងលោហៈផ្សេងទៀត អាចជាកត្តាហានិភ័យនៃជំងឺមហារីកសួត។
  • អាយុ – អាយុកាន់តែចាស់ ហានិភ័យនៃជំងឺមហារីកសួតកាន់តែខ្ពស់។ ជាទូទៅ ហានិភ័យមានការកើនឡើងខ្ពស់បន្ទាប់ពីអាយុ៤០ឆ្នាំ ប៉ុន្តែ អ្នកដែលមានអាយុទាបជាងនេះក៏អាចកើតជំងឺមហារីកសួតផងដែរ។
  • ប្រវត្តិគ្រួសារ – អ្នកដែលមានប្រវត្តិនៃជំងឺមហារីកសួត លើឪពុកម្តាយ និងបងប្អូនគឺមានហានិភ័យខ្ពស់នៃជំងឺមហារីកសួតបើប្រៀបធៀបជាមួយអ្នកដែលមិនមានប្រវត្តិកើតជំងឺនេះក្នុងគ្រួសារ បើទោះបីជាពួកគេមិនជក់បារីក៏ដោយ។

មនុស្សដែលមានហានិភ័យនៃជំងឺមហារីកសួតគួរជួបគ្រូពេទ្យដើម្បីទទួលដំបូន្មានពីវិធីកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត និងត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់។ សម្រាប់អ្នកដែលមានជំងឺមហារីកសួត និងកំពុងទទួលការព្យាបាល ការតាមដានជាទៀងទាត់គឺចាំបាច់ក្នុងករណីនៃការលាប់ឡើងវិញ។

ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួត

ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកសួតគឺជាការចាំបាច់ដើម្បីរកឃើញទាន់ពេលវេលានៃជំងឺមហារីកសួត ដូច្នេះវាអាចត្រូវបានព្យាបាលដោយជោគជ័យនៅក្នុងដំណាក់កាលដំបូង។ នៅពេលបច្ចុប្បន្ន មិនមានការធ្វើតេស្តសាមញ្ញណាមួយ ឬវិធីសាស្រ្តនៃការពិនិត្យដោយខ្លួនឯង ដូចជាការពិនិត្យជំងឺមហារីកសុដន់នោះទេ។ ទោះជាយ៉ាងណា ការធ្វើតេស្តថ្មីដែលមានឈ្មោះថា low-dose helical computerized tomography អាចត្រូវបានប្រើប្រាស់ដើម្បីស្រាវជ្រាវរកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសួត។

រោគសញ្ញានៃជំងឺមហារីកសួត

ជាធម្មតា មនុស្សដែលមានជំងឺមហារីកសួតដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញានោះទេ។ ទោះជាយ៉ាងណានៅពេលដែលជំងឺរាលដាល រោគសញ្ញាក្រោមអាចមានដូចជា៖

  • ក្អករ៉ាំរ៉ៃ (ក្អកស្ងួត ឬមានស្លេស)
  • បញ្ហានៃការដកដង្ហើមដូចជាហត់
  • សំលេងដង្ហើមលឺដូចហួច
  • ឈឺ​ទ្រូង
  • ក្អួតលាយឈាម
  • សំលេងស្អក
  • មានការឆ្លងមេរោគនៅសួតញឹកញាប់ ដូចជាជំងឺរលាកសួត
  • ទន់ខ្សោយ ឬការអស់កម្លាំង
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ

រោគសញ្ញាទាំងអស់នេះមិនមែនសុទ្ធតែទាក់ទងទៅនឹងជំងឺមហារីកសួតនោះទេ មានជំងឺជាច្រើនផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នាទៅនឹងរោគសញ្ញាខាងលើ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការធ្វើរោគវិនិច្ឆ័យ

ប្រសិនបើមានការសង្ស័យថាមានជំងឺមហារីកសួត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយ ពិនិត្យស្លេស និងការថតសួត។ ការពិនិត្យជាច្រើនទៀតអាចតម្រូវឲ្យធ្វើដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យដូចជា:

  • ការធ្វើវិភាគដុំសាច់
    • ការចាក់ម្ជុលចូលដើម្បីបឺតយកផ្នែកនៃដុំសាច់ – គ្រូពេទ្យចាក់បញ្ចូលម្ជុលតូចមួយដោយឆ្លងកាត់តាមរយៈទ្រូង ចូលទៅក្នុងដុំមហារីកសួតដោយផ្ទាល់ ដើម្បីយកបំណែកតូចៗនៃជាលិកាសម្រាប់ធ្វើការវិភាគ។ ជាញឹកញាប់ការស្កេនទ្រូង ឬម៉ាស៊ីនកាំរស្មីអ៊ិចពិសេសដែលហៅថា ឧបករណ៍ឆ្លុះ (Fluoroscope) ត្រូវបានប្រើប្រាស់ក្នុងការបង្ហាញទីតាំងដែលត្រូវចាក់ម្ជុល។
    • ការឆ្លុះទងសួត (bronchoscopy)– គ្រូពេទ្យធ្វើការញាត់បញ្ចូលបំពង់ស្តើង និងបត់បែនបាន។ បំពង់ដែលអាចបត់បែនបានដែលមានពន្លឺនៅផ្នែកខាងចុងចូលទៅក្នុងមាត់ ឬច្រមុះ និងបន្តចុះតាមរយៈបំពង់ខ្យល់ធំ និងចូលទៅក្នុងផ្លូវដកដង្ហើមនៃសួត។ ឧបករណ៍ដែលតូចខាងក្នុងបំពង់ នឹងចាប់យកចំណែកនៃសារធាតុរាវ ឬជាលិកា ដែលបន្ទាប់មកនឹងត្រូវធ្វើការវិភាគដោយអ្នកឯកទេសខាងវីភាគសាច់/កោសិកា (pathologist)។
    • ការបូមទឹកក្នុងស្រោមសួត (Thoracentesis) – ជាការចាក់បញ្ចូលម្ជុលដោយឆ្លងកាត់ជញ្ជាំងទ្រូងចូលទៅក្នុងចន្លោះសួត និងជញ្ជាំងទ្រូងដើម្បីបឺតយកសារធាតុរាវសម្រាប់ធ្វើការវិភាគរកកោសិកាមហារីក។
    • Mediastinoscopy – គ្រូពេទ្យវះកាត់ធ្វើការពិនិត្យ និងច្រឹបយកសំណាកនៃកូនកណ្តុរដែលនៅចំកណ្តាលទ្រូង (ក្រោមឆ្អឹងសន្ទះទ្រូង) ដោយធ្វើការវះកាត់តូចមួយនៅផ្នែកខាងលើនៃឆ្អឹងសន្ទះទ្រូងនេះ។
    • Thoracoscopy – គ្រូពេទ្យនឹងដាក់បញ្ចូលកាមេរ៉ាតូចទៅក្នុងបំពង់ស្តើងមួយ ដែលអាចរកមើលនៅខាងក្នុងប្រអប់ទ្រូង ដើម្បីរកមើលកន្លែងដែលមានដុំមហារីក និងច្រឹបជាលិកាដុំសាច់ពីសួតនោះ ដើម្បីធ្វើវិភាគ។
  • តេស្តរូបភាពនៃជំងឺមហារីកសួត
    • ការថតស្កេន CT និង MRI – ការធ្វើតេស្តទាំងនេះអាចឲ្យវេជ្ជបណ្ឌិតកំណត់នូវទីតាំងនិងទំហំនៃកោសិកាមិនធម្មតាដែលមាននៅក្នុងសួត។
    • Positron emission tomography (PET) scan – ការលាយនូវល្បាយមួយដែលមានជាតិស្ករ និងសារធាតុវិទ្យុសកម្មដើម្បីចាក់បញ្ចូលតាមសសៃវ៉ែន។ កោសិកាមហារីកសួត នឹងបឺតស្រូបយកជាតិស្ករនេះយ៉ាងលឿន និងមានចំនួនច្រើនជាងកោសិកាធម្មតា។ កោសិកានេះនឹងបង្ហាញឡើងនូវពន្លឺ។ វាជំរុញឲ្យយើងអាចវែកញែកពីភាពខុសគ្នារវាងកោសិកាធម្មតា និងកោសិកាមហារីក។

ដំណាក់កាលនៃជំងឺមហារីកសួត

ដំណាក់កាលនៃការកើតជំងឺមហារីកសួត ត្រូវបានកំណត់ដោយទីតាំងនៃកោសិកាមហារីក ទំហំនៃកោសិកាមហារីកនិងកំរិតនៃការរីករាលដាលពីកន្លែងដែលចាប់ផ្តើមដំបូង។ ដំណាក់កាលនៃមហារីកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការព្យាបាល ពីព្រោះវាអនុញ្ញាតិឲ្យគ្រូពេទ្យធ្វើការសម្រេចចិត្តផ្តល់ការព្យាបាលសមស្របដើម្បីភាពសះស្បើយនៃជំងឺពន្យារជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិត។

  • ដំណាក់កាលនៃជំងឺមហារីកសួតកោសិកាតូច (SCLC)
    • ដំណាក់កាលមិនទាន់រាលដាល -កោសិកាមហារីកគឺស្ថិតនៅតែក្នុងបរិវេណនៃសួត។
    • ​ដំណាក់កាលរីករាលដាល – កោសិកាមហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។
  • ដំណាក់កាលនៃជំងឺមហារីកសួតមិនមែនកោសិកាតូច (NSCLC)
    • ដំណាក់កាលទី១: កោសិកាមហារីកត្រូវបានរកឃើញតែនៅក្នុងសួតប៉ុណ្ណោះ។ ពួកវាមិនត្រូវបានរកឃើញនៅក្នុងកូនកណ្តុរ និងមិនបានរីករាលដាលទៅសរីរាង្គផ្សេងទៀតនោះទេ។
    • ដំណាក់កាលទី២
      • ដំណាក់កាល 2A: កោសិកាមហារីក គឺមានទំហំតូច និងត្រូវបានរកឃើញនៅក្នុងកូនកណ្តុរនៅក្បែរៗនោះ។
      • ដំណាក់កាល 2B: កោសិកាមហារីកមានទំហំធំធំបន្តិច និងបានរីករាលដាលដល់ក្រពេញកូនកណ្តុរ ដែលនៅក្បែរសួត ឬកោសិកាមហារីកបានរីករាលដាលដល់តំបន់ផ្សេងទៀតដូចជាជញ្ជាំងទ្រូងជាដើម។
    • ដំណាក់កាលទី ៣
      • ដំណាក់កាល  3A : កោសិកាមហារីកបានរាលដាលទៅក្រពេញកូនកណ្តុរដែលនៅឆ្ងាយពីសួត ឬកោសិកាមហារីកត្រូវបានគេរកឃើញនៅក្នុងក្រពេញកូនកណ្តុរដែលនៅជិតសួត និងបានរីករាលដាលដល់តំបន់ផ្សេងទៀតដូចជា ជញ្ជាំងទ្រូង ឬពាក់កណ្តាលទ្រូង។
      • ដំណាក់កាលទី 3B: កោសិកាមហារីកបានរាលដាលទៅកូនកណ្តុរនៅផ្នែកម្ខាងទៀតនៃទ្រូង ឬកូនកណ្តុរខាងលើឆ្អឹងក ឬមានដុំសាច់ច្រើនជាច្រើនក្នុងសួត ឬ មហារីកបានរាលដាលច្រើនចូលទៅក្នុងតំបន់ផ្សេងទៀតនៅក្នុងទ្រូង ដូចជា បេះដូង ឬបំពង់អាហារ ឬមានសារធាតុរាវដែលផ្ទុកកោសិកាមហារីកស្ថិតនៅជុំវិញសួត។
    • ដំណាក់កាលទី៤: កោសិកាមហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជាថ្លើម ឆ្អឹងនិងខួរក្បាល។

ការព្យាបាលជំងឺមហារីកសួត

ជម្រើសនៃការព្យាបាលអាស្រ័យជាសំខាន់លើទីតាំង ទំហំ និងដំណាក់កាលនៃជំងឺមហារីកសួត។ ស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់អ្នកជំងឺ ដែរដែលគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ៖

  1. ការវះកាត់§  គោលបំណងនៃការវះកាត់នេះគឺដើម្បីយកកោសិកាមហារីក និងកូនកណ្តុរចេញពីទ្រូង។§  មិនត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលនៃជំងឺមហារីកសួតកោសិកាតូច (SCLC) ដែលអាចបណ្តាលឲ្យមានការរីករាលដាលឆាប់រហ័សទៅកាន់សរីរាង្គផ្សេងទៀត។§  ត្រូវបានប្រើប្រាស់ព្យាបាលនៃជំងឺមហារីកសួតមិនមែនកោសិកាតូច (NSCLC) ដំណាក់កាលទី១ ទី២ និង ៣A ។ 
  2. ការព្យាបាលដោយវិទ្យុសកម្ម§  ប្រើប្រាស់កាំរស្មីអ៊ិចដែលមានថាមពលខ្ពស់ដើម្បីសំលាប់កោសិកាមហារីក§  មិនអាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺមហារីកសួតដំណាក់កាលរាតត្បាតនោះទេ §  ចំណាយពេលខ្លី និងមិនបណ្តាលអោយមានការឈឺចាប់។ ទោះជាយ៉ាងណា ផលរំខានដែលអាចកើតឡើង រួមមានការលំបាកក្នុងការលេបអាហារ អស់កំលាំង បាត់បង់ចំណង់អាហារ និងការរលាកស្បែកនៅកន្លែងព្យាបាល។
  3. ការព្យាបាលដោយថ្នាំគីមី ការប្រើថ្នាំគីមីដើម្បីសម្លាប់ជំងឺមហារីក និងពន្យាពេលនៃការរីកលូតលាស់របស់កោសិកាមហារីក។ ការប្រើថ្នាំគីមីភាគច្រើនបំផុតសម្រាប់ព្យាបាលជំងឺមហារីកសួត គឺត្រូវបានចាក់បញ្ចូលទៅក្នុងសរសៃឈាមវ៉ែន។
  4. ការព្យាបាលដោយចំគោលដៅ
    • ផ្តោតគោលដៅតែលើកោសិកាមហារីក និងមិនប៉ះពាល់ដល់កោសិកាធម្មតា
    • ការព្យាបាលមានប្រសិទ្ធិភាព និងគ្មានផលប៉ះពាល់ដូចជាការព្យាបាលដោយថ្នាំគីមី
  5. ការព្យាបាលដោយការរួមបញ្ចូល ដើម្បីធានាការព្យាបាលជំងឺមហារីកឲ្យមានប្រសិទ្ធិភាពបំផុតគឺ ត្រូវធ្វើឡើងដោយប្រើការរួមបញ្ចូលគ្នានៃការព្យាបាល ដែលចាត់ទុកថាសមរម្យដោយអ្នកឯកទេសខាងជំងឺមហារីក។

ថែទាំខ្លួនឯងបន្ទាប់ពីការព្យាបាល

  • ឈប់ជក់បារី ប្រសិនបើអ្នកជក់បារីជាទៀងទាត់
  • នៅពេលដែលអ្នកបានជាសះស្បើយផ្លូវកាយ ត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដោយការដើរយ៉ាងហោចណាស់ ១៥-៣០ នាទីក្នុងមួយថ្ងៃដើម្បីធ្វើឲ្យប្រសើរឡើងមុខងារបេះដូង និងសួត។​
  • ជួបគ្រូពេទ្យទៅតាមការណាត់ដើម្បីការពារការលាប់ឡើងវិញ និងការរីករាលដាលនៃជំងឺមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ (មហារីករាលដាល) ។