Diseases August 13th, 2021

ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap smear)

តេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន

ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន ត្រូវបានអនុវត្តដើម្បីរកឱ្យឃើញមហារីកមាត់ស្បូន។​ វេជ្ជបណ្ឌិតនឹងស៊កបញ្ជូលជំពុះទាចូលទៅក្នុងទ្វាមាសដើម្បីពង្រីកវា និងកោសិការដែលនៅមាត់ស្បូននឹងត្រូវបានប្រមូលយកសម្រាប់មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។ កោសិការដែលមានភាពផ្លាស់ប្តូរ ឬមិនធម្មតាអាចជាមូលហេតុ ឬក៍បង្ហាញថាមានមហារីកមាត់ស្បូន។

តើអ្នកណាខ្លះគួរទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន?

យើងសូមឲ្យយោបល់ដើម្បីពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីរកពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន ​ និងរយះពេលញឹកញាប់ប៉ុណ្ណាដែលត្រូវធ្វើតេស្តនេះ។ សមាគមន៍ជំងឺមហារីកអាមេរិកបានចេញអនុសាសន៍ដូចខាងក្រោមសម្រាប់ស្ត្រីដែលទាក់ទងនឹងការតេស្តរកមហារីកមាត់ស្បូន៖

១. គ្រប់ស្ត្រីដែលមានវ័យជាង២០ឆ្នាំឡើងទៅ​ ឬក្នុងរយៈពេល៣ឆ្នាំនៃការរួមភេទលើកដំបូងគួរតែទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន វាអាស្រ័យទៅលើមួយណាដែលកើតមុនគេ។ ការធ្វើតេស្តនេះគួរតែត្រូវបានធ្វើម្តងទៀតជារៀងរាល់មួយទៅពីរឆ្នាំម្តង។

២. ស្ត្រីដែលមានវ័យជាង៣០ឆ្នាំឡើងទៅគួរទទួលបានការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ។ បន្ទាប់ពីការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន ដែលចេញលទ្ធផលធម្មតាបីដងជាប់គ្នា ស្ត្រីទាំងនេះអាចទទួលការធ្វើតេស្តនៅរៀងរាល់៣ឆ្នាំម្តង ដោយលើកលែងតែអ្នកដែលប្រឈមមុខជាមួយមហារីកមាត់ស្បួន ដូចជាស្រ្តីមានការបង្ករោគដោយ HIV ឬ HPV (human papillomavirus) អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬស្ត្រីដែលបានប្រើ diethylstilbestrol អំឡុងពេលមានផ្ទៃពោះ។​ ស្ត្រីដែលប្រឈមមុខជាមួយមហារីកមាត់ស្បូនគួរបន្តការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ។

៣. ស្ត្រីដែលមានវ័យជាង៧០ឆ្នាំឡើងដែលមានលទ្ធផលធម្មតាសម្រាប់៣ឆ្នាំជាប់គ្នា គ្មានលទ្ធផលមិនធម្មតានៅ១០ឆ្នាំចុងក្រោយ និងអ្នកដែលមិនប្រឈមជាមួយមហារីកមាត់ស្បូន មិនត្រូវទទួលការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូននៅពេលខាងមុខទៀតទេ។


ការរៀបចំសម្រាប់ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន

១. ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន គួរត្រូវបានអនុវត្តនៅពេលដែលស្ត្រីដែលមិនកំពុងមានរដូវ។

២. មិនត្រូវបាញ់លាងសំអាតមុនពេលធ្វើតេស្ត

៣. មិនត្រូវប្រើថ្នាំសុល ក្រែម ឬសារធាតុគីមីសម្រាប់សម្លាប់មេជីវិតបុរសដាក់ក្នុងទ្វាមាសនៅ៤៨ម៉ោងមុនពេលធ្វើតេស្តទេ។

៤. មិនត្រូវរួមភេទដោយយ៉ាងហោចណាស់២៤ម៉ោងមុនការធ្វើតេស្តឡើយ។